ទំព័រដើម > អំពីយើង > សាវតារ > ​កិច្ច​ការ​ពារ​សង្គម បរិ​ស្ថាន និងអភិបាល​កិច្ច​

ការ​គោរព​គោល​ការណ៍​ការ​ពារ​បរិ​ស្ថាន សង្គម និង​អភិ​បាល​កិច្ច

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត ប្តេជ្ញា​ចិត្ត​រួម​ចំណែក​ក្នុង​កិច្ច​ការពារ​សង្គម និង​បរិស្ថាន និង​ការ​អនុវត្ត​ទៅ​តាម​បទ​ប្បញ្ញត្តិ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​គោល​ការណ៍​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ចីរ​ភាព​កម្ពុជា (CSFP)។ គ្រឹះ​ស្ថាន ខេមា បាន​យក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះ​បរិស្ថាន សង្គម ការពារ​មនុស្ស​ជាតិ និង​អភិ​រក្ស​បេតិ​កភណ្ឌ​វប្ប​ធម៌ តាម​រយៈ​ការ​សិក្សា​វាយតម្លៃ ការ​គ្រប់​គ្រង ការ​កាត់​បន្ថយ ការ​ទូ​ទាត់​សំណង ឬ​ការ​បញ្ចៀស​នូវ​​រាល់​ហានិ​ភ័យ ឬ​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​សំខាន់ៗ ដែល​កើត​ចេញ​ពី​សកម្ម​ភាព​អាជីវ​កម្ម​របស់​អតិ​ថិ​ជន។ ដូច្នេះ​រាល់​សកម្ម​ភាព​អាជីវ​កម្ម​របស់​អតិ​ថិ​ជន​ត្រូវ​អនុវត្ត​ដូច​ខាង​ក្រោម៖

  • អនុ​លោម​តាម​ច្បាប់ និង​បទ​បញ្ញត្តិ​បរិ​ស្ថាន និង​សង្គម​ជាតិ និង​បទ​ដ្ឋាន​អនុ​វត្ត​របស់​គ្រឹះ​ស្ថាន ខេមា
  • គោរព​បទ​ដ្ឋាន​អនុ​វត្ត​បរិ​ស្ថាន និង​សង្គម ដោយ​ត្រូវ​ចៀស​វាង​ដាច់​ខាត​នូវ​ការ​បង្ក​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​បរិ​ស្ថាន និង​សង្គម។

គ្រឹះ​ស្ថាន ខេមា នឹង​មិន​ផ្តល់​ហិរញ្ញ​ប្បទាន​ដល់​សកម្ម​ភាព​ទាំង​ឡាយ​ណា​ដែល​មាន​ក្នុង ​"​បញ្ជី​មុខ​របរ ឬ​សកម្ម​ភាព​អាជីវ​កម្ម​ហាម​ឃាត់​" ដូច​ខាង​ក្រោម៖

  • ហានិ​ភ័យ និង​ផល​ប៉ះពាល់​ដល់​បរិ​ស្ថាន និង​សង្គម
    • សកម្ម​ភាព​អាជីវ​កម្ម ដែល​ពាក់​ព័ន្ធ​ផ្ទាល់ ឬ​ប្រយោល ក្នុង​ការ​កាប់​ឈើ បំផ្លាញ​ព្រៃ​ឈើ និង​ការ​សម្អាត​ព្រៃ​ឈើ​លើស​ពី​ទំហំ​អនុ​ញ្ញាត ឬ​គ្មាន​លិខិត​អនុ​ញ្ញាត ឬ​មិន​ឆ្លង​កាត់​ការ​វាយ​តម្លៃ​ភាព​សម​ស្រប​ពី​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឬ​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច
    • សកម្ម​ភាព​អាជីវ​កម្ម ក្នុង​ការ​ចាក់​បំពេញ​បឹង​ធម្ម​ជាតិ ទន្លេ ផ្លូវ​ទឹក ឬ​សំណង់​វារី​អគ្គិសនី ដែល​បង្ក​ឱ្យ​​មាន​ការ​​ជន់​លិច ទឹក​ជំនន់ គ្រោះ​រាំង​ស្ងួត និង​បាត់​បង់​ធន​ធាន​ជីវ​ចម្រុះ
    • ការ​ផលិត និង​ការ​ជួញ​ដូរ​ឱសថ និង​សារ​ធាតុ​គី​មី​គ្រោះ​ថ្នាក់ ដែល​ត្រូវ​ហាម​ឃាត់​ដោយ​ច្បាប់​ជាតិ និង​អន្តរ​ជាតិ ឬ​អនុ​សញ្ញា​រួម
    • សកម្ម​ភាព​អាជីវ​កម្ម​ក្នុង​ការ​ផលិត និង​បង្ក​ឱ្យ​មាន​កាក​សំណល់​រឹង ​និង​រាវ ដែល​មាន​ទំហំ​ធំ​ធេង
    • សកម្ម​ភាព​អាជីវ​កម្ម​ក្នុង​ការ​ផលិត ឬ​បញ្ចេញ​ធូលី ផ្សែង ក្លិន​កខ្វក់ និង​សំឡេង​រំខាន​ខ្លាំង ដែល​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ទៅ​ដល់​សកម្ម​ភាព​នៃ​ការ​រស់​នៅ​របស់​ប្រជា​ជន​ក្នុង​តំបន់។
  • ពល​កម្ម និង​លក្ខ​ខណ្ឌ​ការ​ងារ និង​សុខ​ភាព សុវត្ថិ​ភាព និង​សុខ​មាល​ភាព​សហ​គមន៍
    • សកម្ម​ភាព​អាជីវ​កម្ម​ដែល​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជា​មួយ​នឹង​ការ​ជួញ​មនុស្ស ឬ​ជ្រើស​រើស​កម្ម​ករ​ពី​ក្រៅ​ប្រទេស​មក​ធ្វើ​ការ​មិន​ស្រប​ច្បាប់
    • សកម្ម​ភាព​អាជីវ​កម្ម ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​កុមារ ដោយ​ផ្ទាល់ ឬ​ប្រ​យោល
    • សកម្ម​ភាព​អាជីវ​កម្ម​មាន​ការ​ប្រើ​ប្រាស់​ពល​កម្ម​ដោយ​បង្ខំ​គ្រប់​ទម្រង់​រូប​ភាព និង​ការ​កេង​ប្រវ័ញ្ច​លក្ខ​ខណ្ឌ​ការងារ ការ​ងារ​សម្រាប់​តែ​​អាយុ​ជីវិត ការ​បង្ខំ​ធ្វើ​ការ​ដើម្បី​សង​បំណុល ការ​បំបិត​សិទ្ធិ​កម្ម​ករ ​ការ​ងារ​ជា​ទាស​ករ
    • ការ​ងារ​ស្ថិត​ក្នុង​ស​ភាព​គ្រោះ​ថ្នាក់ ឬ​ទី​កន្លែង​មាន​សារ​ធាតុ​ពុល ដែល​អាច​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់ បង្ក​ឱ្យ​មាន​ជំងឺ ឬ​បង្ក​ឱ្យ​មាន​បញ្ហា​សុខ​ភាព​យូរ​អង្វែង
    • សកម្ម​ភាព​អាជីវ​កម្ម​ដែល​អាច​បង្ក​ឱ្យ​មាន​ការ​ផ្ទុះ បញ្ហា​ធូលី បញ្ហា​ផ្សែង​ច្រើន និង​សំឡេង​រំខាន​ខ្លាំង​ប៉ះ​ពាល់​ដល់​សុខ​ភាព សុវត្ថិ​ភាព​ការ​ងារ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ជន​នៅ​ជុំវិញ​តំបន់​ទីតាំង​អាជីវ​កម្ម។
  • ការ​ប្រើ​ប្រាស់​ធន​ធាន​ប្រកប​ដោយ​សុវត្ថិ​ភាព និង​ការ​គ្រប់​គ្រង​ការ​បំពុល​បរិ​ស្ថាន
    • សកម្ម​ភាព​អាជីវ​កម្ម​ដែល​មាន​ការ​ប្រើ​ប្រាស់​ទឹក អគ្គិ​សនី​មាន​ទំហំ​ច្រើន ដែល​បណ្តាល​ឱ្យ​មាន​ការ​រំខាន​ទៅ​ដល់​អ្នក​ដែល​រស់​នៅ​ក្បែរ​តំបន់​ទី​តាំង​អាជីវ​កម្ម
    • សកម្ម​ភាព​អាជីវ​កម្ម​ដែល​មាន​ការ​ប្រើ​ប្រាស់​ក្រដាស និង​ធន​ធាន​ធម្ម​ជាតិ​ច្រើន
    • ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ (GHG) កាបូន (Co2) ការ​បំពុល​ទឹក និង​ការ​បំពុល​ដី។
  • លទ្ធ​កម្ម​ដី​ធ្លី និង​តាំង​ទី​លំ​នៅ​ដោយ​មិន​ស្ម័គ្រ​ចិត្ត
    • សកម្ម​ភាព​អាជីវ​កម្ម​ដែល​បង្ក​ឱ្យ​មាន​បញ្ហា​ជម្លោះ​ដី​ធ្លី
    • សកម្ម​ភាព​អាជីវ​កម្ម​បង្ក​ឱ្យ​មាន​ការ​បាត់​បង់​ដី​ធ្លី បាត់​បង់​សិទ្ធិ​កាន់​កាប់​ដី​ធ្លី រឹត​ត្បិត​លើ​ការ​ប្រើ​ប្រាស់​ដី​ធ្លី ដែល​មិន​អាច​​រស់​នៅ​អាស្រ័យ​ផល ឬ​ប្រកប​អាជីវ​កម្ម​បាន
    • បាត់​បង់​ដី​ធ្លី​របស់​សហ​គមន៍ ទី​តាំង​ដែល​មាន​តម្លៃ​ចំពោះ​សហគ​មន៍
    • សកម្ម​ភាព​អាជីវ​កម្ម​ដែលបង្ក​ជម្លៀស និង​តាំង​ទី​លំ​នៅ​ដោ​យ​មិន​ស្ម័គ្រ​ចិត្ត។
  • ការ​អភិ​រក្ស​ជីវ​ចម្រុះ និង​ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​មាន​ជីវិត​ប្រកប​ដោយ​ចីរ​ភាព
    • សកម្ម​ភាព​អាជីវ​កម្ម​ដែល​បង្ក​ឱ្យ​មាន​ការ​បាត់​បង់​ជីវិត ទី​ជម្រក ​ចំពោះ​ប្រភេទ​សត្វ​ក្នុង​ក្រុម​ប្រភេទ​ជិត​ផុត​ពូជ និង​ក្រុម​ប្រភេទ​មាន​ដោយ​កម្រ និង​ចំពោះ​ប្រភេទ​សត្វ​ក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ
    • សកម្ម​ភាព​អាជីវ​កម្ម​ដែល​បង្ក​ឱ្យ​មាន​ការ​បាត់​បង់​ធន​ធាន​ទឹក និង​ធន​ធាន​ធម្ម​ជាតិ បាត់​បង់​ផ្លូវ​ទឹក ផ្លូវ​អាកាស
    • សកម្ម​ភាព​អាជីវ​កម្ម​ដែល​បង្ក​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​ប្រភេទ​សត្វចង្រៃ ការ​រុក​រាន​នូវ​ប្រភេទ​សត្វ​ចម្លែក ការ​រីក​រាល​ដាល​ជំងឺ​រាល​ត្បាត/​អាសន្ន​រោគ
    • សកម្ម​ភាព​អាជីវ​កម្ម​ដែល​ឃើញ​ថា​មាន​ការ​កេង​ប្រវ័ញ្ច​ធន​ធាន​ធម្ម​ជាតិ​ហួស​ហេតុ។
  • ជន​ជាតិ​ដើម​ភាគ​តិច និង​បេតិក​ភណ្ឌ​វប្ប​ធម៌
    • សកម្ម​ភាព​អាជីវ​កម្ម​ដែល​បង្ក​ឱ្យ​មាន​ការ​បាត់​បង់ បេតិក​ភណ្ឌ​វប្ប​ធម៌​ដូច​ជា៖ ទី​សក្ការៈ​បូជា ដី​អាស្រ័យ​ផល ភូមិ​ដ្ឋាន ឬ​សហគមន៍
    • សកម្ម​ភាព​អាជីវ​កម្ម​ដែល​បង្កឱ្យ​មាន​ការ​បាត់​បង់​ដី​ធ្លី ដោយ​សារ​លទ្ធ​កម្ម​ដី​ធ្លី និង​ការ​តាំង​លំនៅ​ដោយ​មិន​ស្ម័គ្រ​ចិត្ត​របស់​ជន​ជាតិ​ដើម​ភាគ​តិច។

គ្រឹះ​ស្ថាន ខេមា នឹង​មិន​ផ្ដល់​ប្រាក់​កម្ចី​ដល់​សកម្ម​ភាព​ទាំង​ឡាយ នៅ​ក្នុង​ «​បញ្ជី​មុខរបរ​ឬ​សកម្មភាព​អាជីវកម្ម​ហាមឃាត់​» ដូច​ខាង​ក្រោម៖

  • ផលិត​កម្ម ឬ​សកម្ម​ភាព​អាជីវ​កម្ម​ទាំង​ឡាយ​ណា ដែល​ពាក់​ព័ន្ធ​នឹង​ពល​កម្ម​ដែល​មាន​គ្រោះ​ថ្នាក់ ឬ​ធ្វើ​អាជីវ​កម្ម ដោយ​ប្រើ​បា្រស់​កម្លាំង​ពល​កម្ម​បង្ខំ ឬ​ការ​ប្រើ​បា្រស់​ពល​កម្ម​កុមារ
  • ផលិត​កម្ម ឬ​ពាណិជ្ជ​កម្ម​អាវុធ​ជាតិ​ផ្ទុះ និង​គ្រាប់​រំសេវ
  • ល្បែង​ស៊ី​សង កាស៊ី​ណូ ពេស្យា​ចារ និង​សហ​គ្រាស​ដែល​មាន​សកម្ម​ភាព​ស្រដៀង​គ្នា
  • ពាណិជ្ជ​កម្ម​សត្វ​ព្រៃ ឬ​ផលិត​ផល​អំ​ពី​សត្វ​ព្រៃ ដែល​បាន​កំណត់​ដោយច្បាប់
  • ផលិត​កម្ម ឬ​ពាណិជ្ជ​កម្ម​សម្ភារ​វិទ្យុ​សកម្ម។ សកម្ម​ភាព​នេះ​មិន​រាប់​បញ្ចូល​ចំពោះ​ការ​ទិញ​ឧប​ករណ៍​វេជ្ជ​សាស្រ្ត ឧបករណ៍​ត្រួត​ពិនិត្យ​គុណ​ភាព (ឧបករណ៍​វាស់​វែង) និង​ឧបករណ៍​ណា​មួយ ដែល​គ្រឹះ​ស្ថាន​ចាត់​ទុក​ថា​មាន​ប្រភព​វិទ្យុ​សកម្ម​តិច​តួច​បំផុត ឬ​បាន​ការ​ពារ​គ្រប់​គ្រាន់
  • ផលិត​កម្ម ឬ​ពាណិជ្ជ​កម្ម​ផលិត​ផល ឬ​សកម្ម​ភាព​ណា​មួយ ដែល​ត្រូវបាន​ចាត់​ទុក​ថា​ខុស​ច្បាប់ ឬ​បទ​ប្បញ្ញត្តិ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ឬ​អនុ​សញ្ញា និង​កិច្ច​ព្រម​ព្រៀង​អន្តរ​ជាតិ ឬ​ដែល​ជា​កម្ម​វត្ថុ​ត្រូវ​ហាម​ឃាត់​ជា​អន្តរ​ជាតិ ដូចជា៖ ថ្នាំ​សម្លាប់​សត្វ​ល្អិត ថ្នាំ​សម្លាប់​ស្មៅ​ដែល​មាន​សារ​ធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន ផលិត​ផល​ដែល​ផ្ទុក​សារ​ធាតុ PCBs ផលិត​ផល​អំ​ពី​សត្វ​ព្រៃ​ដែល​បញ្ញត្តិ​ដោយ​កិច្ច​ព្រម​ព្រៀង CITES
  • ផលិត​កម្ម និង​ពាណិជ្ជ​កម្ម​លើ​ផលិត​ផល​ណា ដែល​ជា​កម្ម​វត្ថុ​នៃ​ការ​កាត់​បន្ថយ ឬ​ហាម​ឃាត់​ជា​អន្តរ​ជាតិ ដែល​គ្រឹះ​ស្ថាន​បាន​ដឹង​ជា​ផ្លូវ​ការ
  • ផលិត​កម្ម ឬ​សេវា​កម្ម ដែល​ធ្វើឱ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​បរិ​ស្ថាន​ធម្ម​ជាតិ ហើយ​ដែល​ត្រូវ​បាន​ហាម​ឃាត់ ដោយ​ច្បាប់​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា
  • សកម្ម​ភាព​ដទៃ​ផ្សេង​ទៀត ដែល​មិន​ស្រប​ទៅ​នឹង​ច្បាប់ ឬ​និយត​កម្ម​នា​នា នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ឬ​អនុ​សញ្ញា និង​កិច្ច​ព្រម​ព្រៀង​អន្តរ​ជាតិ
  • ផលិត​កម្ម ឬ​ពាណិជ្ជ​កម្ម​ឈើ ឬ​ផលិត​ផល​ព្រៃ​ឈើ​ដទៃ​ទៀត ក្រៅ​ពីព្រៃ​ឈើ​ដែល​មាន​ការ​គ្រប់​គ្រង​ប្រកប​ដោយ​ចីរ​ភាព
  • ផលិត​កម្ម ឬ​ពាណិជ្ជ​កម្ម​ថ្នាំ​ជក់
  • ផលិត​កម្ម ឬ​ពាណិជ្ជ​កម្ម​ភេស​ជ្ជៈ​មាន​ជាតិ​អាល់​កុល (លើក​លែងស្រា​បៀរ និង​ស្រា​ក្រហម)
  • ផលិត​កម្ម ឬ​ពាណិជ្ជ​កម្ម ឬ​សកម្ម​ភាព​អាជីវ​កម្ម​ប្រើ​បា្រស់​សារ​ធាតុ Unbounded Asbestos Fiber។ សកម្ម​ភាព​នេះ​មិន​អនុ​វត្ត​ចំពោះ​ការ​ទិញ និង​ការ​ប្រើ​បា្រស់​ហ្វី​ប្រូ​ស៊ីម៉ង​ត៍​ដែល​ផ្ទុក​សារ​ធាតុ asbestos ក្នុង​បរិមាណ​តិច​ជាង ២០​ភាគ​រយ
  • ពាណិជ្ជ​កម្ម​ដែល​បាន​មក​ពី​ប្រតិ​បត្តិ​ការ​កាប់​ឈើ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ព្រៃ​ត្រូ​ពិច
  • ផលិតកម្ម ឬពាណិជ្ជកម្ម ស្តុក ឬការដឹកជញ្ជូនសារធាតុគីមីគ្រោះ​ថ្នាក់​ក្នុង​បរិ​មាណ​ច្រើន ឬ​​ការ​ប្រើ​បា្រស់​សារ​ធាតុ​គីមី​ដែល​មាន​កម្រិត​គ្រោះ​ថ្នាក់​ខ្ពស់​ក្នុង​ការ​ធ្វើ​អាជីវ​កម្ម។ សារ​ធាតុ​គីមី​ដែល​មាន​គ្រោះ​ថ្នាក់​រួម​មាន៖ ប្រេង​សាំង ប្រេង​កាត និង​ផលិត​ផល​ប្រេង​ផ្សេង​ទៀត
  • ផលិត​កម្ម ឬ​ពាណិជ្ជ​កម្ម​ឱសថ ដែល​អន្តរ​ជាតិ​កាត់​បន្ថយ ឬ​ហាម​ឃាត់
  • ផលិត​កម្ម ឬ​ពាណិជ្ជ​កម្ម​ថ្នាំ​សម្លាប់​សត្វ​ល្អិត​/តិណ​ជាតិ ដែល​អន្តរ​ជាតិ​កាត់​បន្ថយ ឬ​ហាមឃាត់។
  • ផលិត​កម្ម ឬ​ពាណិជ្ជ​កម្ម​សារ​ធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន ដែល​អន្តរជាតិ​កាត់​បន្ថយ/​ហាម​ឃាត់
  • ការ​នេសាទ​ក្នុង​ដែន​សមុទ្រ​ដែល​ប្រើ​បា្រស់​មង​អូស/​អួន​ដែល​មាន​ប្រវែង​លើស​ពី ២,៥​គីឡូ​ម៉ែត្រ
  • ផលិត​កម្ម ឬ​សកម្ម​ភាព​ទាំង​ឡាយ​ណា ដែល​ប៉ះ​ពាល់​ដល់​ដី​ដែល​ជា​កម្ម​សិទ្ធិ​របស់​ជន​ជាតិ​ដើម​ភាគ​តិច ឬ​មិន​មែន​ជន​ជាតិ​ដើម​ភាគ​តិច ឬ​ដែល​ទាម​ទារ​តវ៉ា​ពី​សំណាក់​ជន​ជាតិ​ទាំង​នោះ ដោយ​គ្មាន​ឯក​សារ​យល់​ព្រម​ពេញ​លេញ​ពី​ជន​ជាតិ​ដើម​ភាគ​តិច
  • ផលិត​កម្ម ឬ​សកម្ម​ភាព​ចែក​ចាយ​ព័ត៌​មាន​ដែល​ប្រឆាំង​នឹង​លទ្ធិ​ប្រជា​ធិប​តេយ្យ ឬ​ព័ត៌​មាន​ដែល​ផ្សាយ​ពីការ​រើស​អើង​ពូជ​សាសន៍៕