ទំព័រដើម > អំពីយើង > សាវតារ > ចំណាប់​អារម្មណ៍​​របស់​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល

ចំណាប់​អារម្មណ៍​​របស់​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល

ឆ្នាំ​២០២៤ សេដ្ឋ​កិច្ច​ពិភព​លោក​សម្រេច​បាន​នូវ​ស្ថិរ​ភាព​កំណើន ​ឆ្លុះ​បញ្ចាំង​ពី​សុទិ​ដ្ឋិ​និយម ទន្ទឹម​នឹង​ការ​ប្រុង​ប្រយ័ត្ន​លើ​បញ្ហា​ប្រឈម​នៃ​ការ​កើន​ឡើង​នៃ​ភាព​តាន​តឹង​ភូមិ​សាស្ត្រ​នយោ​បាយ កំណើន​យឺត​នៃ​សេដ្ឋ​កិច្ច​ចិន និង​ភាព​រឹត​ត្បិត​ស្ថាន​ភាព​ហិរ​ញ្ញ​វត្ថុ​អន្តរ​ជាតិ។ អតិ​ផរ​ណា​ពិភព​លោក​ក៏​បាន​ថយ​ចុះ​ជា​លំ​ដាប់​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំចុង​ក្រោយ​នេះ ហើយ​ធនាគារ​កណ្ដាល​នៃ​ប្រទេស​មួយ​ចំនួន​បាន​ចាប់​ផ្តើម​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​គោល​សន្សឹមៗ។ ទោះ​បី​ជា​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​បណ្ដាល​មក​ពី​ការ​អនុ​វត្ត​គោល​នយោ​បាយ​រូបិយ​វត្ថុ​របស់​ប្រទេស​អភិ​វឌ្ឍ ជា​ពិសេស​គឺ​កំណើន​អត្រា​ការ​ប្រាក់ និង​បម្រែ​បម្រួល​អត្រា​ប្ដូរ​ប្រាក់ ស្ថាន​ភាព​សេដ្ឋ​កិច្ច​ពិភព​លោក​នៅ​តែ​នឹង​នរ នាំ​មក​នូវ​ឱកាស​វិនិ​យោគ និង​បើក​ផ្លូវ​ដល់​សកម្ម​ភាព​ពាណិជ្ជ​កម្ម​នៅ​កម្ពុជា។

សេដ្ឋ​កិច្ច​កម្ពុជា​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​សម្រេច​បាន​កំណើន​ក្នុង​អត្រា ៦% ជំរុញ​ដោយ​តម្រូវ​ការ​ក្រៅ​ស្រុក តាម​រយៈ​កំណើន​តម្រូវ​ការ​ផលិត​ផល​កាត់​ដេរ កម្មន្ត​សាល​មិន​មែន​កាត់​ដេរ​ថ្មីៗ និង​កសិ​ផល។ កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​ក៏​ត្រូវ​បាន​ទ្រ​ទ្រង់​ដោយ​លំហូរ​វិនិ​យោគ​ទុន​ដោយ​ផ្ទាល់​ពី​បរ​ទេស និង​វិស័យ​ទេស​ចរណ៍​តាម​រយៈ​កំណើន​ភ្ញៀវ​ទេស​ចរ​បរ​ទេស បើ​ទោះ​បីជា​វិស័យ​សំណង់​និង​អច​លន​ទ្រព្យ​មាន​កំណើន​ទាប។

ស្ថិត​ក្នុង​និន្នា​ការ​នេះ គ្រឹះ​ស្ថាន ខេមា បាន​អនុ​វត្ត​ផែន​ការ​យុទ្ធ​សាស្ត្រ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​បត់​បែន ដោយ​សម្រេច​បាន​នូវ​កំណើន​ផល​ប័ត្រ​ឥណ​ទាន ១៨% កំណើន​អតិថិ​ជន ៤៤% និង​រក្សា​បាន​អនុ​បាត​ប្រាក់​ចំណេញ​ធៀប​នឹង​ទ្រព្យ​សកម្ម​វិជ្ជ​មាន និង​អត្រា​ហានិ​ភ័យ​ឥណ​ទាន​ទាប​ជាង​អត្រា​ហានិ​ភ័យ​ឥណ​ទាន​ជា​មធ្យម​ក្នុង​វិស័យ ព្រម​ទាំង​សមិទ្ធ​ផល​ផ្សេង​ទៀត​ដូច​មាន​បង្ហាញ​ក្នុងរបាយ​ការណ៍​ប្រចាំ​ឆ្នាំ​២០២៤។

នវា​នុវត្តន៍ និង​បច្ចេក​វិទ្យា គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​យុទ្ធ​សាស្ត្រ​របស់​គ្រឹះស្ថាន ខេមា។ ឆ្នាំ​កន្លង​ទៅ គ្រឹះ​ស្ថាន​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ​អនុ​ម័ត​ឥណ​ទាន (LOS) ដែល​ជា​ឧប​ករណ៍​ជំរុញ​ល្បឿន​សេវា​កម្ម​ឥណ​ទាន​ឱ្យ​កាន់​តែ​លឿន​ជាង​មុន ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ​គ្រប់​គ្រង​ធន​ធាន​មនុស្ស (HRMS) ដើម្បី​ជំរុញ​ប្រសិទ្ធ​ភាព​ការងារ កែ​លម្អ Digital Learning App ដើម្បី​បង្កើន​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​​ប្រាស់ និង​ពង្រីក​វិសាល​ភាព​នៃ​ការ​ធ្វើ​ទី​ផ្សារ​តាម​ប្រព័ន្ធ​ឌីជី​ថល។ ប្រព័ន្ធ​គ្រប់​គ្រង​បណ្ដឹង​តវ៉ា​របស់​អតិ​ថិ​ជន (E-complaint) ត្រូវ​បានអភិ​វឌ្ឍ ហើយ​គ្រឹះ​ស្ថាន​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ដោយ​ជោគ​ជ័យ​នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៥ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​អនុវត្ត​យន្ត​ការ​ប្រមូល​បណ្តឹង​តវ៉ា​អតិ​ថិ​ជន ពង្រឹង​ការ​ផ្ដល់​សេវា​កម្ម​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ ឆ្លើយ​​តប​​នឹង​​ការ​​ប្តេជ្ញា​​ចិត្ត​កន្លង​មក​របស់​គ្រឹះ​ស្ថាន​ក្នុង​កិច្ច​ការពារ​អតិថិជន និង​ជា​សូច​នាករ​មួយ​ដែល​អាច​វាស់​វែង​បាន។

កិច្ច​ការ​ពារ​អតិ​ថិជន​ជា​ចំណុច​ស្នូល នៃ​ប្រតិ​បត្តិ​ការ​របស់​គ្រឹះ​ស្ថាន ខេមា។ តាម​រយៈ​គំនិត​ផ្ដួច​ផ្ដើម​របស់​សមា​គម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា និង​សមា​គម​ធនា​គារ​នៅ​កម្ពុជា គ្រឹះ​ស្ថាន ខេមា បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ជា​មួយ​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ ៣០​ផ្សេង​ទៀត ក្នុង​ការ​វាយ​តម្លៃការ​អនុ​វត្ត​កិច្ច​ការ​ពារ​អតិ​ថិ​ជន ដែល​គ្រោង​នឹង​ធ្វើ​នៅ​ក្នុង​ឆ្នាំ​២០២៥។ នេះ​ស​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​គ្រឹះ​ស្ថាន ក្នុង​ការ​បោះ​ជំហាន​ទៅ​មុខ​ចំពោះ​កិច្ច​ការ​ពារ​អតិ​ថិ​ជន ហើយ​ក្រម​ប្រតិ​បត្តិ​វិស័យ​ធនា​គារនិង​ហិរញ្ញ​វត្ថុ និង​បទ​ដ្ឋាន​ការ​ពារ​អតិ​ថិ​ជន​៨ចំណុច​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូ​លំ​ទូ​លាយ​នៅ​ក្នុង​គ្រឹះ​ស្ថាន ប្រព័ន្ធ​គ្រប់​គ្រង​បណ្តឹង​តវ៉ា​ត្រូវ​បាន​ដាក់​ឱ្យ​អនុ​វត្ត ហើយ​ការ​ផ្សព្វ​ផ្សាយ​ស្តីពី​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់។

ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្ដល់​សេវា​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​បរិយា​ប័ន្ន​និង​និរន្តរ​ភាព ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​កំណើន​នៃ​ផល​ប័ត្រ​ឥណ​ទាន​បៃតង និង​ឥណ​ទាន​ទឹក​ស្អាត​និង​អនា​ម័យ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​តាំង​ពី​ចុង​ឆ្នាំ​២០២៣។ តាម​រយៈ​ផលិត​ផល​ទាំង​នេះ ​រួម​ជា​មួយ​ភាព​ជា​ដៃ​គូ​ជា​មួយ​អង្គ​ការ Water.org ព្រម​ទាំង​គ្រឹះ​ស្ថានឥណ​ទាន​ជន​បទ​ជា​ដៃ​គូ បាន​ផ្ដល់​ផល​ជះ​ជា​វិជ្ជ​មាន​ដល់​សុខ​មាល​ភាព​សហ​គមន៍ និង​បរិស្ថាន ស្រប​តាម​យុទ្ធ​សាស្ត្រ​ជាតិ និង​គោល​ការណ៍​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ចីរ​ភាព​កម្ពុជា (CSFP)។

នៅ​ក្នុង​ឆ្នាំ​២០២៥ គ្រឹះ​ស្ថាន ខេមា នឹង​អភិវឌ្ឍ​ផលិត​ផលសក្តា​នុ​ពល​បន្ថែម បន្ត​កែ​លម្អ​អនុ​បាត​ប្រតិ​បត្តិ​ការ​និង​អនុ​បាត​ហិរញ្ញ​វត្ថុ​ដើម្បី​ពង្រឹង​ភាព​ធន់​របស់​ខ្លួន និង​ធ្វើ​ឌី​ជីថ​លូប​នីយ​កម្ម​ក្នុង​ប្រតិ​បត្តិ​ការ​សំដៅ​ផ្ដល់​សេវា​កម្ម​ឱ្យ​កាន់​តែ​ប្រសើរ បង្កើន​ប្រសិទ្ធ​ភាព​ការងារ និង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អនុ​វត្ត​អនុ​លោម​ភាព​កិច្ច​ការពារ​អតិថិ​ជន មុន​នឹង​​ឈាន​​ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​វិញ្ញា​បន​បត្រ​កិច្ច​ការពារ​អតិ​ថិ​ជន​ផ្លូវ​ការ​ពី​ក្រុម​ហ៊ុន​វាយ​តម្លៃ​អន្តរ​ជាតិ​នៅ​ឆ្នាំ​បន្ទាប់។ គ្រឹះ​ស្ថាន​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​បណ្ដឹង​តវ៉ា​របស់​អតិ​ថិ​ជន “E-complaint” អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ “Camma Mobile App” ដើម្បី​​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​អតិ​ថិ​ជន​ចំពោះ​សេវា​កម្ម​ហិរញ្ញ​វត្ថុ​តាម​ប្រព័ន្ធ​ឌីជី​ថល។ អភិវឌ្ឍ​បន្ថែម ប្រព័ន្ធគ្រប់គ្រងឯកសារ របាយ​ការណ៍​ឌីជី​ថល មុខ​ងារ​បន្ថែម​នៃ​ប្រព័ន្ធ​គ្រប់​គ្រង​ធន​ធាន​មនុស្ស (HRMS) និង​កម្ម​វិធី HRMS Mobile Application ដើម្បី​បង្កើន​សមត្ថ​ភាព និង​ប្រសិទ្ធ​ភាព​ការងារ​របស់​បុគ្គ​លិក។ គ្រឹះ​ស្ថាន​ក៏​នឹង​បន្ត​កសាង​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​ជា​មួយ​ភាគី​ពាក់​ព័ន្ធ និង​បន្ត​អនុវត្ត​តាមបទ​ដ្ឋាន​របាយ​ការណ៍​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​នៃ​កម្ពុជា (CIFRS for SMEs)។

កំណើន​អតិថិ​ជន​ខ្ពស់​ប្រកប​ដោយ​ថាម​ពល ពិសេស​ឥណ​ទាន​ខ្នាត​​តូច​​បំផុត​និង​ឥណ​ទាន​ខ្នាត​តូច ស្តែង​ឱ្យ​ឃើញ​ពី​ការ​អនុវត្ត​យុទ្ធ​សាស្រ្ត​ចំណែក​ទី​ផ្សារ​ដ៏​ត្រឹម​ត្រូវ ដែល​ជា​កាតា​លីករ​ជំរុញ​សក្តា​នុ​ពល​សាខា​ជា​អតិ​បរមា។ គ្រឹះ​ស្ថាន​នឹង​អភិ​វឌ្ឍ​ផលិត​ផល​សក្តា​នុ​ពល​បន្ថែម ដើម្បី​ចាប់​ចំណែក​ទីផ្សារ​ថ្មី បន្ត​កែ​លម្អ​អនុ​បាត​ប្រតិ​បត្តិ​ការ​និង​អនុ​បាត​ហិរញ្ញ​វត្ថុ​ដើម្បី​ពង្រឹង​ភាព​ធន់​របស់​ខ្លួន​ឆ្លើយ​តប​នឹង​ស្ថាន​ភាព​មិន​នឹង​នរ​របស់​សេដ្ឋ​កិច្ច​សកល។

សមិទ្ធ​ផល​លេច​ធ្លោរ​បស់​គ្រឹះ​ស្ថាន កើត​ឡើង​ពីការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​បុគ្គ​លិក​គ្រប់​លំដាប់​ថ្នាក់ ប្រកប​ដោយ​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ និង​ភាព​ស្មោះ​ត្រង់​ចំពោះ​អតិ​ថិជ​ន និង​គ្រឹះ​ស្ថាន។ ការ​កំណត់​ច្បាស់​លាស់​នូវ​ចក្ខុ​វិស័យ បេស​ក​កម្ម តម្លៃ​ស្នូល និង​ផែន​ការ​យុទ្ធ​សាស្រ្ត​ដ៏​ត្រឹម​ត្រូវ បាន​រុញ​ច្រាន​ឱ្យ គ្រឹះ​ស្ថាន​សម្រេច​បាន​ជោគ​ជ័យ​ថ្មីៗ​​ជា​បន្ត​បន្ទាប់។

ជា​ទី​បញ្ចប់ នាង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ​គណៈ​គ្រប់​គ្រង និង​បុគ្គ​លិក​គ្រប់​លំដាប់​ថ្នាក់​ចំពោះ​ការ​លះ​បង់​កម្លាំង​កាយ​ចិត្ត រួម​ដំណើរ​ក្នុង​ការ​ផ្ដល់​សេវា​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់ ដែល​ជា​បេស​ក​កម្ម​របស់​គ្រឹះ​ស្ថាន ខេមា។ នាង​ខ្ញុំ​ក៏​សូម​ថ្លែង​អំណរ​គុណ​ជូន​ចំពោះ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ធនាគារ​ជាតិ​នៃ​កម្ពុជា អតិ​ថិ​ជន និង​ដៃ​គូ​ទាំង​អស់​ចំពោះ​កិច្ច​សហ​ការ និង​ការ​គាំទ្រ។