២០ កុម្ភៈ ២០២៦ – គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានរៀបចំសិក្ខាសាលាគណៈគ្រប់គ្រងប្រចាំឆ្នាំ២០២៦ នៅ អេសអេស វីឡា រីសត ខេត្តកោះកុង ដើម្បីបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ និងរៀបចំផែនការយុទ្ធសាស្រ្ត៥ឆ្នាំ ២០២៦-២០៣០ ដោយមានការចូលរួមពី ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងនាយកការិយាល័យសាខាទាំងអស់របស់គ្រឹះស្ថាន។

នៅក្នុងសិក្ខាសាលាប្រចាំឆ្នាំ២០២៦នេះ អ្នកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថាន ខេមា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ និងលទ្ធផល ដែលគណៈគ្រប់គ្រង និងបុគ្គលិកសម្រេចបានក្នុងឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ លោកអគ្គនាយកប្រតិបត្តិ និងនាយក-នាយិកា នាយកដ្ឋាននីមួយៗ បានធ្វើបទបង្ហាញអំពីផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ២០២៦-២០៣០ របស់គ្រឹះស្ថាន និងផែនការសកម្មភាពរបស់នាយកដ្ឋាននីមួយៗ ដើម្បីឆ្លើយតបនឹងផែនការយុទ្ធសាស្ត្ររួមរយៈពេលវែងរបស់គ្រឹះស្ថាន។
ឆ្នាំខាងមុខ គ្រឹះស្ថាននឹងបន្តពង្រឹងការអនុវត្តកិច្ចការពារអតិថិជន បរិស្ថាន សង្គម និងអភិបាលកិច្ច កែលម្អបន្ថែមលើផលិតផលដែលជួយលើកកម្ពស់បរិស្ថាននិងសង្គម និងពង្រីកវិសាលភាពអាជីវកម្មតាមយុទ្ធសាស្ត្រផ្ដេក និងបញ្ឈរ។
ក្នុងឆ្នាំ ២០២៥ គ្រឹះស្ថាន ខេមា សម្រេចបាននូវកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន ព្រមទាំងរក្សាបាននូវភាពធន់របស់ខ្លួន។ សមិទ្ធផលសំខាន់ៗក្នុងឆ្នាំកន្លងទៅរួមមាន៖ ការពង្រីកវិសាលភាពប្រតិបត្តិការ បរិវត្តកម្មឌីជីថល ព្រមទាំងការពង្រឹងអភិបាលកិច្ច សមត្ថភាពបុគ្គលិក ប្រសិទ្ធភាពប្រតិបត្តិការ ការគ្រប់គ្រងសកម្មភាពសង្គម និងការកសាងដៃគូយុទ្ធសាស្រ្ត។

គ្រឹះស្ថាន ខេមា បានស្ម័គ្រចិត្តចូលរួមក្នុងការវាយតម្លៃការអនុវត្តកិច្ចការពារអតិថិជន តាមរយៈគំនិតផ្ដួចផ្ដើមរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា។ លទ្ធផលវាយតម្លៃដោយក្រុមហ៊ុន MicroFinanza Rating (MFR) នៅត្រីមាសទី៣ ឆ្នាំ២០២៥ បានផ្ដល់ពិន្ទុ ៩៦% លើការអនុវត្តក្រមប្រតិបត្តិវិស័យធនាគារនិងហិរញ្ញវត្ថុ និង ៩២,៤% លើកិច្ចការពារអតិថិជន។ លទ្ធផលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គ្រឹះស្ថាន ខេមា លើកិច្ចការពារអតិថិជន។
គិតត្រឹមបំណាច់ឆ្នាំ២០២៥ តាមរយៈការិយាល័យសាខាចំនួន៧ គ្រឹះស្ថាន ខេមា កំពុងធ្វើប្រតិបត្តិការនៅភូមិចំនួន ១.៥៥៦ នៃឃុំ-សង្កាត់ចំនួន ៣៣៩ ក្នុងក្រុង-ស្រុក-ខណ្ឌ ចំនួន ៥៦ នៅ ៥ រាជធានី-ខេត្ត។ គ្រឹះស្ថាន ខេមា មានបុគ្គលិកសរុបចំនួន ២២១នាក់ ផលប័ត្រឥណទានចំនួន ៣២,១៧លានដុល្លារអាមេរិក អតិថិជន ៥.៣៣៣នាក់ ក្នុងនោះ ៦៨% នៃអតិថិជនសរុបជាស្ដ្រី។ គ្រឹះស្ថាន ខេមា ក៏គ្រោងនឹងដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ CAMMA Mobile ក្នុងឆ្នាំ២០២៦៕
