ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល
ឆ្នាំ២០២៤ សេដ្ឋកិច្ចពិភពលោកសម្រេចបាននូវស្ថិរភាពកំណើន ឆ្លុះបញ្ចាំងពីសុទិដ្ឋិនិយម ទន្ទឹមនឹងការប្រុងប្រយ័ត្នលើបញ្ហាប្រឈមនៃការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ កំណើនយឺតនៃសេដ្ឋកិច្ចចិន និងភាពរឹតត្បិតស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ។ អតិផរណាពិភពលោកក៏បានថយចុះជាលំដាប់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ហើយធនាគារកណ្ដាលនៃប្រទេសមួយចំនួនបានចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់គោលសន្សឹមៗ។ ទោះបីជាបញ្ហាប្រឈមមួយចំនួនដែលបណ្ដាលមកពីការអនុវត្តគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍ ជាពិសេសគឺកំណើនអត្រាការប្រាក់ និងបម្រែបម្រួលអត្រាប្ដូរប្រាក់ ស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែនឹងនរ នាំមកនូវឱកាសវិនិយោគ និងបើកផ្លូវដល់សកម្មភាពពាណិជ្ជកម្មនៅកម្ពុជា។
សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថាសម្រេចបានកំណើនក្នុងអត្រា ៦% ជំរុញដោយតម្រូវការក្រៅស្រុក តាមរយៈកំណើនតម្រូវការផលិតផលកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរថ្មីៗ និងកសិផល។ កំណើនសេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានទ្រទ្រង់ដោយលំហូរវិនិយោគទុនដោយផ្ទាល់ពីបរទេស និងវិស័យទេសចរណ៍តាមរយៈកំណើនភ្ញៀវទេសចរបរទេស បើទោះបីជាវិស័យសំណង់និងអចលនទ្រព្យមានកំណើនទាប។
ស្ថិតក្នុងនិន្នាការនេះ គ្រឹះស្ថាន ខេមា បានអនុវត្តផែនការយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព និងបត់បែន ដោយសម្រេចបាននូវកំណើនផលប័ត្រឥណទាន ១៨% កំណើនអតិថិជន ៤៤% និងរក្សាបានអនុបាតប្រាក់ចំណេញធៀបនឹងទ្រព្យសកម្មវិជ្ជមាន និងអត្រាហានិភ័យឥណទានទាបជាងអត្រាហានិភ័យឥណទានជាមធ្យមក្នុងវិស័យ ព្រមទាំងសមិទ្ធផលផ្សេងទៀតដូចមានបង្ហាញក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២៤។
នវានុវត្តន៍ និងបច្ចេកវិទ្យា គឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្ររបស់គ្រឹះស្ថាន ខេមា។ ឆ្នាំកន្លងទៅ គ្រឹះស្ថានបានដាក់ឱ្យដំណើរការប្រព័ន្ធអនុម័តឥណទាន (LOS) ដែលជាឧបករណ៍ជំរុញល្បឿនសេវាកម្មឥណទានឱ្យកាន់តែលឿនជាងមុន ដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRMS) ដើម្បីជំរុញប្រសិទ្ធភាពការងារ កែលម្អ Digital Learning App ដើម្បីបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងពង្រីកវិសាលភាពនៃការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល។ ប្រព័ន្ធគ្រប់គ្រងបណ្ដឹងតវ៉ារបស់អតិថិជន (E-complaint) ត្រូវបានអភិវឌ្ឍ ហើយគ្រឹះស្ថានបានដាក់ឱ្យដំណើរការដោយជោគជ័យនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តយន្តការប្រមូលបណ្តឹងតវ៉ាអតិថិជន ពង្រឹងការផ្ដល់សេវាកម្មប្រកបដោយទំនួលខុសត្រូវ ឆ្លើយតបនឹងការប្តេជ្ញាចិត្តកន្លងមករបស់គ្រឹះស្ថានក្នុងកិច្ចការពារអតិថិជន និងជាសូចនាករមួយដែលអាចវាស់វែងបាន។
កិច្ចការពារអតិថិជនជាចំណុចស្នូល នៃប្រតិបត្តិការរបស់គ្រឹះស្ថាន ខេមា។ តាមរយៈគំនិតផ្ដួចផ្ដើមរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា គ្រឹះស្ថាន ខេមា បានស្ម័គ្រចិត្តចូលរួមជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ៣០ផ្សេងទៀត ក្នុងការវាយតម្លៃការអនុវត្តកិច្ចការពារអតិថិជន ដែលគ្រោងនឹងធ្វើនៅក្នុងឆ្នាំ២០២៥។ នេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់គ្រឹះស្ថាន ក្នុងការបោះជំហានទៅមុខចំពោះកិច្ចការពារអតិថិជន ហើយក្រមប្រតិបត្តិវិស័យធនាគារនិងហិរញ្ញវត្ថុ និងបទដ្ឋានការពារអតិថិជន៨ចំណុចត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងគ្រឹះស្ថាន ប្រព័ន្ធគ្រប់គ្រងបណ្តឹងតវ៉ាត្រូវបានដាក់ឱ្យអនុវត្ត ហើយការផ្សព្វផ្សាយស្តីពីចំណេះដឹងហិរញ្ញវត្ថុត្រូវបានយកចិត្តទុកដាក់។
ការប្តេជ្ញាចិត្តក្នុងការផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ននិងនិរន្តរភាព ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃផលប័ត្រឥណទានបៃតង និងឥណទានទឹកស្អាតនិងអនាម័យ ដែលត្រូវបានដាក់ឱ្យដំណើរការតាំងពីចុងឆ្នាំ២០២៣។ តាមរយៈផលិតផលទាំងនេះ រួមជាមួយភាពជាដៃគូជាមួយអង្គការ Water.org ព្រមទាំងគ្រឹះស្ថានឥណទានជនបទជាដៃគូ បានផ្ដល់ផលជះជាវិជ្ជមានដល់សុខមាលភាពសហគមន៍ និងបរិស្ថាន ស្របតាមយុទ្ធសាស្ត្រជាតិ និងគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពកម្ពុជា (CSFP)។
នៅក្នុងឆ្នាំ២០២៥ គ្រឹះស្ថាន ខេមា នឹងអភិវឌ្ឍផលិតផលសក្តានុពលបន្ថែម បន្តកែលម្អអនុបាតប្រតិបត្តិការនិងអនុបាតហិរញ្ញវត្ថុដើម្បីពង្រឹងភាពធន់របស់ខ្លួន និងធ្វើឌីជីថលូបនីយកម្មក្នុងប្រតិបត្តិការសំដៅផ្ដល់សេវាកម្មឱ្យកាន់តែប្រសើរ បង្កើនប្រសិទ្ធភាពការងារ និងយកចិត្តទុកដាក់លើការអនុវត្តអនុលោមភាពកិច្ចការពារអតិថិជន មុននឹងឈានទៅដាក់ពាក្យស្នើសុំវិញ្ញាបនបត្រកិច្ចការពារអតិថិជនផ្លូវការពីក្រុមហ៊ុនវាយតម្លៃអន្តរជាតិនៅឆ្នាំបន្ទាប់។ គ្រឹះស្ថាននឹងដាក់ឱ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងបណ្ដឹងតវ៉ារបស់អតិថិជន “E-complaint” អភិវឌ្ឍកម្មវិធីទូរស័ព្ទ “Camma Mobile App” ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនចំពោះសេវាកម្មហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល។ អភិវឌ្ឍបន្ថែម ប្រព័ន្ធគ្រប់គ្រងឯកសារ របាយការណ៍ឌីជីថល មុខងារបន្ថែមនៃប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRMS) និងកម្មវិធី HRMS Mobile Application ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររបស់បុគ្គលិក។ គ្រឹះស្ថានក៏នឹងបន្តកសាងភាពជាដៃគូយុទ្ធសាស្ត្រជាមួយភាគីពាក់ព័ន្ធ និងបន្តអនុវត្តតាមបទដ្ឋានរបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS for SMEs)។
កំណើនអតិថិជនខ្ពស់ប្រកបដោយថាមពល ពិសេសឥណទានខ្នាតតូចបំផុតនិងឥណទានខ្នាតតូច ស្តែងឱ្យឃើញពីការអនុវត្តយុទ្ធសាស្រ្តចំណែកទីផ្សារដ៏ត្រឹមត្រូវ ដែលជាកាតាលីករជំរុញសក្តានុពលសាខាជាអតិបរមា។ គ្រឹះស្ថាននឹងអភិវឌ្ឍផលិតផលសក្តានុពលបន្ថែម ដើម្បីចាប់ចំណែកទីផ្សារថ្មី បន្តកែលម្អអនុបាតប្រតិបត្តិការនិងអនុបាតហិរញ្ញវត្ថុដើម្បីពង្រឹងភាពធន់របស់ខ្លួនឆ្លើយតបនឹងស្ថានភាពមិននឹងនររបស់សេដ្ឋកិច្ចសកល។
សមិទ្ធផលលេចធ្លោរបស់គ្រឹះស្ថាន កើតឡើងពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់លំដាប់ថ្នាក់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងភាពស្មោះត្រង់ចំពោះអតិថិជន និងគ្រឹះស្ថាន។ ការកំណត់ច្បាស់លាស់នូវចក្ខុវិស័យ បេសកកម្ម តម្លៃស្នូល និងផែនការយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ បានរុញច្រានឱ្យ គ្រឹះស្ថានសម្រេចបានជោគជ័យថ្មីៗជាបន្តបន្ទាប់។
ជាទីបញ្ចប់ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ចំពោះការលះបង់កម្លាំងកាយចិត្ត រួមដំណើរក្នុងការផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវខ្ពស់ ដែលជាបេសកកម្មរបស់គ្រឹះស្ថាន ខេមា។ នាងខ្ញុំក៏សូមថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា អតិថិជន និងដៃគូទាំងអស់ចំពោះកិច្ចសហការ និងការគាំទ្រ។
