ទំព័រដើម > គ្រឹះស្ថាន ខេមា និងធនាគារ វីង ចាប់​ដៃ​សហ​ការ​ដើម្បី​លើក​កម្ពស់សុខុ​មាល​ភាព​សហ​គមន៍

គ្រឹះស្ថាន ខេមា និងធនាគារ វីង ចាប់​ដៃ​សហ​ការ​ដើម្បី​លើក​កម្ពស់សុខុ​មាល​ភាព​សហ​គមន៍

១៦ មីនា ២០២៤ – ធនា​គារ វីង (ខេមបូឌា) ម.ក បាន​សម្រេច​កិច្ច​សហ​ការ​លើ​ការ​ផ្ដល់​ហិរញ្ញ​ប្បទាន​ទៅ​ដល់​គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត ដើម្បី​រួម​គ្នា​បង្កើត​ផល​វិជ្ជ​មាន​ចំពោះ​សុខុ​មាល​ភាព​សហ​គមន៍​ក្រី​ក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​កិច្ច​សហ​ការ​នេះ ធនា​គារ វីង បាន​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​ការ​ផ្តល់​ឥណ​ទាន ១ លាន​ដុល្លារ ទៅ​ដល់​គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លើ​ការ​អនុ​វត្ត​គម្រោង​ទឹក​ស្អាត និង​អនា​ម័យ។

ក្រោម​កិច្ច​ព្រម​ព្រៀង​ហិរញ្ញ​ប្ប​ទាន​ដែល​មាន​ទឹក​ប្រាក់ ១​លាន​ដុល្លារ​អាមេរិក ធនា​គារ វីង បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​អនុវត្ត​គម្រោង​ទឹក​ស្អាត​និង​អនា​ម័យ ដែល​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ជំរុញ​នូវ​ការ​ប្រើ​ប្រាស់​ទឹក​ស្អាត​និង​អនាម័យ ក៏​ដូច​ជា​រួម​ចំណែក​ជា​មួយ​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិ​បាល​ក្នុង​យុទ្ធ​នា​ការ​លើក​កម្ពស់​សុខុ​មាល​ភាព​ពល​រដ្ឋ​នៅ​តាម​សហ​គមន៍។

តាម​រយៈ​គម្រោង​ទឹក​ស្អាត​និង​អនា​ម័យ ហិរញ្ញ​ប្ប​ទាន​ពី​ធនា​គារ វីង នឹង​ត្រូវ​យក​ទៅ​ប្រើ​ប្រាស់ ដើម្បី​ជួយ​ទៅ​ដល់​សហ​គមន៍ ក្នុង​ការជួស​ជុល​ឬ​សង់​បង្គន់ ​អាងស្តុកទឹក ត​បណ្ដាញ​ទឹក​ស្អាត ជីក​អណ្ដូង​ទឹក ទិញ​ឧប​ករណ៍​ចម្រោះ​ទឹក ​ស៊ី​ទែន​ទឹក​ និង​​ម៉ាស៊ីន​បូម​ទឹកប្រើប្រាស់​នៅ​ក្នុង​គេហ​ដ្ឋាន​ជា​ដើម ដែល​ជា​ការ​គាំទ្រ​ពលរដ្ឋ ក៏​ដូច​ក្រុម​គ្រួសារ​ទទួល​បាន​នូវ​ធន​ធាន​ចាំ​បាច់ ដើម្បី​ទទួល​បាន​ការ​ប្រើ​ប្រាស់​ទឹក​ស្អាត​និង​អនា​ម័យ។

អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ធនា​គារ វីង និង​ជា​អគ្គ​នាយក​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប បាន​មាន​ប្រសាសន៍​ថា៖ “យើង​មាន​គោល​បំណង​លើក​កម្ពស់​បរិយា​បន្ន​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា និង​នាំ​មក​នូវ​ផល​ប្រ​យោជន៍​ដ៏​មាន​អត្ថ​ន័យ​ចំពោះ​ជីវ​ភាព​រស់​នៅ​ពល​រដ្ឋ ក៏​ដូច​ជា​ក្រុម​គ្រួសារ​កម្ពុជា ដោយ​ប្រាកដ​ថា​ពួក​គាត់​អាច​ទទួល​បាន​ការ​ប្រើ​ប្រាស់​ទឹក​ស្អាត និង​ឧប​ករណ៍​អនា​ម័យ។​ យើង​ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា តាម​រយៈ​ការ​វិនិ​យោគ​លើ​ការ​កែ​លម្អ​សហ​គមន៍ យើង​នឹង​រួម​ចំណែក​ធ្វើ​ឱ្យ​អនាគត​កម្ពុជា​មាន​វិបុល​ភាព និង​ភាព​រុង​រឿង​ដ៏​ត្រចះ​ត្រចង់។”

លោក​ជំទាវ ឌិត នីតា ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល នៃ​គ្រឹះ​ស្ថាន ខេមា បាន​មាន​ប្រ​សាសន៍​ថា៖ “គ្រឹះ​ស្ថាន ខេមា បាន​អភិ​វឌ្ឍ​ផលិត​ផល​ឥណ​ទាន​ទឹក​ស្អាត​និង​អនា​ម័យ ស្រប​តាម​ទស្សន​វិស័យ​សង្គម​របស់​ខ្លួន ក្នុង​ការ​បង្កើន​លទ្ធ​ភាព​ទទួល​បាន​កម្ចី​នេះ​នៅ​តាម​សហ​គមន៍​ជន​បទ។ ហើយ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នៅ​ថ្ងៃ​នេះ ជា​ការ​ទទួល​បាន​ប្រភព​ទុន​បន្ថែម​ទៀត ក្នុង​ការ​ផ្ដល់​ឥណ​ទាន​ទៅ​ដល់​អតិ​ថិ​ជនដែល​ត្រូវ​ការ​ទឹក​ស្អាត​ប្រើ​ប្រាស់ និង​បរិក្ខារ​អនា​ម័យ ដើម្បី​លើក​កម្ពស់​សុខុ​មាល​ភាព​គ្រួ​សារ”។

ភាព​ជា​ដៃ​គូ​រវាង​ធនា​គារ វីង និង​គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ បាន​ឆ្លុះ​បញ្ចាំង​ពី​សក្តា​នុពល និង​កម្លាំង​សាមគ្គី​ភាព​ចំពោះ​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ ដើម្បី​នាំ​មក​នូវ​ការ​អភិ​វឌ្ឍ​សហ​គមន៍។​ ការ​ប្តេជ្ញា​រួម​គ្នា​ចំពោះ​ការ​លើក​កម្ពស់​លើ​ការ​ប្រើ​ប្រាស់​ទឹក​ស្អាត និង​អនា​ម័យ​ទៅ​ដល់​សហ​គមន៍ ស្ថាប័ន​ទាំង​ពីរ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​អនា​គត​ដែល​មាន​ភាព​ល្អ​ប្រសើរ​សម្រាប់​ប្រជា​ជន​កម្ពុជា។

ក្នុង​នាម​ជា​ធនា​គារ​ឌីជី​ថល​មួយ​ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​កម្ពុជា ធនា​គារ វីង ប្តេជ្ញា​ចិត្ត​លើក​កម្ពស់​បរិយាបន្ន​ហិរញ្ញ​វត្ថុ។​ តាម​រយៈ​កិច្ច​សហ​ការ​ជា​មួយ​ដៃ​គូ​អភិ​វឌ្ឍ​នានា ក៏​ដូច​ជា​ភ្នាក់​ងារ​រដ្ឋា​ភិ​បាល ធនា​គារ វីង បាន​រួម​ចំណែក​ដ៏​សំខាន់​លើ​ការ​ផ្តល់​ហិរញ្ញ​ប្ប​ទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​វិស័យ​កសិ​កម្ម និង​គំនិត​ផ្តួច​ផ្តើម​នានា ក្នុង​ន័យ​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជ​មាន និង​អភិ​វឌ្ឍ​ប្រទេស​ឱ្យ​បាន​កាន់​តែ​រីក​ចម្រើន។

បន្ទាប់​ពី​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ត្រូវ​បាន​បញ្ចប់ នៅ​ថ្ងៃ​ដដែល​នេះ គ្រឹះ​ស្ថាន ខេមា បាន​រៀប​ចំ​សិក្ខា​សាលា​ស្ដី​ពី “ជំនាញ​លក់​ឥណ​ទាន​ទឹក​ស្អាត​និង​អនា​ម័យ និង​ចរចា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព” ដែល​បណ្ដុះ​បណ្ដាល​ដោយ​អ្នក​ជំនាញ ក្រោម​ជំនួយ​គាំទ្រ​ពី Water.org និង​កិច្ច​សហ​ការ​ជាមួយ​សមា​គម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា។ សិក្ខា​សាលា​នេះ​មាន​វត្ត​មាន​ចូល​រួម​របស់ លោក​ជំទាវ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល លោក​អគ្គ​នាយក​ប្រតិ​បត្តិ​ស្ដី​ទី គណៈ​គ្រប់​គ្រង និង​បុគ្គលិក​គ្រឹះ​ស្ថាន ខេមា សរុប​ចំនួន ១១៣នាក់៕