ទំព័រដើម > គ្រឹះ​ស្ថាន ខេមា ដាំ​ដើម​ឈើ ២០០​ដើម នៅ​សាលា​បឋម​សិក្សា តា​នួន ស្រុក​បសេដ្ឋ ខេត្ត​កំពង់​ស្ពឺ

គ្រឹះ​ស្ថាន ខេមា ដាំ​ដើម​ឈើ ២០០​ដើម នៅ​សាលា​បឋម​សិក្សា តា​នួន ស្រុក​បសេដ្ឋ ខេត្ត​កំពង់​ស្ពឺ

២៩ កក្កដា ២០២៣ – គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​ប្រណីត​ចំនួន ២០០​ដើម នៅ​សាលា​បឋម​សិក្សា តានួន កាល​ពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០២៣ គឺ​ចំ​ថ្ងៃ​ខួប ១៣ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា។

ថ្លែង​ក្នុង​កម្ម​វិធី​ដាំ​ដើម​ឈើ នៅ​សាលា​បឋម​សិក្សា តានួន លោក លី ឈាង អគ្គ​នាយក​ប្រតិ​បត្តិ​ស្ដី​ទី នៃ​គ្រឹះស្ថាន ខេមា បាន​គូស​បញ្ជាក់​ថា គោល​បំណង​នៃ​ព្រឹត្តិការណ៍​សហគមន៍​នេះ គឺ​​ដើម្បី​បណ្ដុះ​ស្មារតី​ថែ​រក្សា​បរិ​ស្ថាន​ដល់​ក្មួយៗ​សិស្សា​នុ​សិស្សឱ្យ​ចេះ​ស្រឡាញ់ ការ​ពារ និង​អភិ​រក្ស​ធន​ធាន​ធម្ម​ជាតិ​ផង។

ព្រឹត្តិការណ៍សហគមន៍ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​បឹង​ស្ដុក ឃុំបសេដ្ឋ ស្រុក​បសេដ្ឋ ខេត្ត​កំពង់​ស្ពឺ ​ជា​សកម្ម​ភាព​មួយ​ស្រប​នឹង​ទិស​ដៅ​សង្គម​របស់​គ្រឹះ​ស្ថាន ខេមា ដែល​យក​ចិត្តទុក​ដាក់​លើ​ផល​ប៉ះ​ពាល់​ចំពោះ​សង្គម និង​បរិស្ថាន។

ក្រៅ​ពី​ការ​ដាំ​ដើម​ឈើ គណៈ​គ្រប់​គ្រង​របស់​គ្រឹះ​ស្ថាន ខេមា ក៏​បាន​ប្រគល់​ជូន​នូវ​សម្ភារ​មួយ​ចំនួនដល់សាលា​ដូច​ជា៖ ម៉ាស៊ីនកាត់ស្មៅ ចប ប៉ែល បង្គី ធុង​ស្រោច​ទឹក និង​ធុង​សម្រាមបរិស្ថាន ដើម្បី​យក​ទៅ​ប្រើ​ប្រាស់​ជា​ប្រ​យោជន៍​នៅ​ក្នុង​សាលា​ផង​ដែរ។

កម្មវិធី​នេះ​​មាន​វត្ត​មាន​ចូល​រួម​របស់ លោក​អគ្គ​នាយក​ប្រតិបត្តិ​ស្ដី​ទី លោក​នាយក​សាលា លោក​គ្រូ អ្នក​គ្រូ សិស្សា​នុ​សិស្ស និង​បុគ្គលិក​គ្រឹះ​ស្ថាន ខេមា សរុប​ជាង ៣០០​នាក់។

​គ្រឹះ​ស្ថាន ខេមា បាន​រៀប​ចំ​ព្រឹត្តិ​ការណ៍​សហ​គមន៍​ដាំ​ដើម​ឈើនេះ​ជា​លើក​ទី​ពីរ​ហើយ គឺ​បន្ទាប់​ពី​ការ​ដាំ​ដើម​កោង​កាង ១៣០០ដើម នៅ​ក្រុង​កែប ខេត្ត​កែប កាល​ពី​ឆ្នាំ ២០២២ កន្លង​ទៅ ដែល​នេះ​បង្ហាញ​ពី​ឆន្ទៈ​ចូល​រួម​ចំណែក​របស់ គ្រឹះ​ស្ថាន ខេមា ក្នុង​ការ​ធ្វើ​សកម្ម​ភាព​សង្គម​៕