ទំព័រដើម > គ្រឹះស្ថាន ខេមា រៀប​ចំ​សិក្ខា​សាលា​គណៈ​គ្រប់​គ្រង ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ និង​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្រ្ត​៥ឆ្នាំ ២០២៦-​២០៣០

គ្រឹះស្ថាន ខេមា រៀប​ចំ​សិក្ខា​សាលា​គណៈ​គ្រប់​គ្រង ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ និង​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្រ្ត​៥ឆ្នាំ ២០២៦-​២០៣០

២០ កុម្ភៈ ២០២៦ – គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សិក្ខា​សាលា​គណៈ​គ្រប់​គ្រង​ប្រចាំ​ឆ្នាំ​២០២៦ នៅ អេស​អេស វីឡា រីសត ខេត្ត​កោះ​កុង ដើម្បី​បូក​សរុប​លទ្ធ​ផល​ការងារ​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ២០២៥ និង​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្រ្ត​៥ឆ្នាំ ២០២៦-​២០៣០ ដោយ​មាន​ការ​ចូល​រួម​ពី ក្រុម​ប្រឹក្សា​ភិបាល គណៈ​គ្រប់​គ្រង និង​នាយក​ការិយា​ល័យ​សាខា​ទាំង​អស់​របស់​គ្រឹះ​ស្ថាន។

នៅ​ក្នុង​សិក្ខា​សាលា​ប្រ​ចាំ​ឆ្នាំ២០២៦​នេះ អ្នក​ស្រី ឌិត នីតា ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល គ្រឹះ​ស្ថាន ខេមា បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍន​ភាព​ការងារ ​និង​លទ្ធផល ដែល​គណៈ​គ្រប់​គ្រង និង​បុគ្គលិក​សម្រេច​បាន​ក្នុង​ឆ្នាំ២០២៥។ ទន្ទឹម​នឹង​នេះ លោក​អគ្គ​នាយក​ប្រតិបត្តិ និង​នាយក-​នាយិកា នាយកដ្ឋាន​នីមួយៗ បាន​ធ្វើ​បទ​បង្ហាញ​អំពី​ផែន​ការ​យុទ្ធ​សាស្ត្រ​៥ឆ្នាំ ២០២៦-​២០៣០ របស់​គ្រឹះ​ស្ថាន និង​ផែន​ការ​សកម្ម​ភាព​របស់​នាយក​ដ្ឋាន​នី​មួយៗ ដើម្បី​ឆ្លើយ​តប​នឹង​ផែន​ការ​យុទ្ធ​សាស្ត្រ​រួម​រយៈ​ពេល​វែង​របស់​គ្រឹះ​ស្ថាន។

ឆ្នាំ​ខាង​មុខ គ្រឹះ​ស្ថាន​នឹង​បន្ត​ពង្រឹង​ការ​អនុ​វត្ត​កិច្ច​ការ​ពារ​អតិ​ថិ​ជន បរិ​ស្ថាន សង្គម និង​អភិ​បាល​កិច្ច កែ​លម្អ​បន្ថែម​លើ​ផលិត​ផល​ដែល​ជួយ​លើក​កម្ពស់​បរិ​ស្ថាន​និង​សង្គម និង​ពង្រីក​វិសាល​ភាព​អាជីវ​កម្ម​តាម​យុទ្ធ​សាស្ត្រ​ផ្ដេក និង​បញ្ឈរ។

ក្នុង​ឆ្នាំ ២០២៥ គ្រឹះ​ស្ថាន ខេមា សម្រេច​បាន​នូវ​កំណើន​ប្រកប​ដោយ​ចីរ​ភាព និង​បរិយា​ប័ន្ន ព្រម​ទាំង​រក្សា​បាន​នូវ​ភាព​ធន់​របស់​ខ្លួន។ សមិទ្ធផល​សំខាន់ៗ​ក្នុង​ឆ្នាំ​កន្លង​ទៅ​រួម​មាន៖ ការ​ពង្រីក​វិសាល​ភាព​ប្រតិ​បត្តិ​ការ បរិ​វត្ត​កម្ម​ឌីជី​ថល ព្រម​ទាំង​ការ​ពង្រឹង​អភិបាល​កិច្ច សមត្ថ​ភាព​បុគ្គ​លិក ប្រសិទ្ធ​ភាព​ប្រតិ​បត្តិ​ការ ការ​គ្រប់​គ្រង​សកម្ម​ភាព​សង្គម និង​ការ​កសាង​ដៃ​គូ​យុទ្ធ​សាស្រ្ត។

គ្រឹះស្ថាន ខេមា បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ក្នុង​ការ​វាយ​តម្លៃ​ការ​អនុ​វត្ត​កិច្ច​ការ​ពារ​អតិ​ថិ​ជន តាម​រយៈ​គំនិត​ផ្ដួច​ផ្ដើម​របស់ សមា​គម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា និង​សមាគម​ធនា​គារ​នៅ​កម្ពុជា។ លទ្ធ​ផល​វាយ​តម្លៃ​ដោយ​ក្រុម​ហ៊ុន MicroFinanza Rating (MFR) នៅ​ត្រី​មាស​ទី៣ ឆ្នាំ​២០២៥ បាន​ផ្ដល់​ពិន្ទុ ៩៦% លើ​ការ​អនុ​វត្ត​ក្រម​ប្រតិ​បត្តិ​វិស័យ​ធនាគារ​និង​ហិរញ្ញ​វត្ថុ និង ៩២,៤% លើ​កិច្ច​ការ​ពារ​អតិ​ថិ​ជន។ លទ្ធផល​នេះ​ឆ្លុះ​បញ្ចាំង​ពីការ​ប្តេជ្ញា​ចិត្ត​របស់​គ្រឹះ​ស្ថាន ខេមា លើ​កិច្ច​ការ​ពារ​អតិ​ថិ​ជន។

គិត​ត្រឹម​បំណាច់​ឆ្នាំ២០២៥ តាម​រយៈ​ការិយា​ល័យ​សាខា​ចំនួន​៧ គ្រឹះ​ស្ថាន ខេមា កំពុង​ធ្វើ​ប្រតិ​បត្តិ​ការ​នៅ​ភូមិ​ចំនួន ១.៥៥៦ នៃឃុំ-​សង្កាត់​ចំនួន ៣៣៩ ក្នុង​ក្រុង-​ស្រុក-​ខណ្ឌ ចំនួន ៥៦ នៅ ៥ រាជ​ធានី-​ខេត្ត។ គ្រឹះ​ស្ថាន ខេមា មាន​បុគ្គ​លិក​សរុប​ចំនួន ២២១នាក់ ផល​ប័ត្រ​ឥណទាន​ចំនួន ៣២,១៧​លាន​ដុល្លារ​អាមេរិក អតិ​ថិ​ជន ៥.៣៣៣នាក់ ក្នុង​​នោះ ៦៨% នៃ​អតិ​ថិ​ជន​សរុប​ជា​ស្ដ្រី។ គ្រឹះស្ថាន ខេមា ក៏​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​កម្មវិធី​ទូរស័ព្ទ CAMMA Mobile ក្នុង​ឆ្នាំ​២០២៦៕