ទំព័រដើម > គ្រឹះ​ស្ថាន ខេមា រៀប​ចំ​សិក្ខា​សាលា​ស្ដីពី​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុដល់​បុគ្គលិក

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​សិក្ខា​សាលា​ស្ដីពី​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុដល់​បុគ្គលិក

២៦ កក្កដា ២០២៥ – ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​ក្នុង​ភាព​ជា​ដៃ​គូ​ គ្រឹះស្ថាន ខេមា និង​អង្គការ Water.org បាន​សហការ​រៀប​ចំ​សិក្ខា​សាលា​ស្ដី​ពី​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ សម្រាប់បុគ្គលិក​លក់​សរុប​ប្រមាណ ១៤០នាក់ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី។ សិក្ខា​សាលា​នេះ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​លើក​កម្ពស់​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ និង​បំណិន​ជីវិត​នៃ​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន។

សិក្ខា​សាលា​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​បំពាក់​បំប៉ន​ចំណេះ​ដឹង​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន និង​ការ​សម្រេច​ចិត្ត​លើ​ផ្នែក​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព សម្រាប់​ភ្នាក់​ងារ​ឥណ​ទាន ប្រធាន​ភ្នាក់​ងារ​ឥណទាន និង​នាយក​សាខា។ តាម​រយៈ​​ការ​ផ្ដល់​នូវ​វិធី​សាស្ត្រ​ជាក់​ស្ដែង​ដើម្បី​បណ្ដុះ​វិន័យ​ហិរញ្ញ​វត្ថុ សិក្ខា​សាលា​នេះ​មាន​គោល​បំណង​បង្កើន​ទំនុក​ចិត្ត​របស់​សិក្ខាកាមក្នុង​ការ​គ្រប់​គ្រ​ង​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន និង​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ចំណេះ​ដឹង​ហិរញ្ញវ​ត្ថុ​ក្នុង​សហ​គមន៍​ដែល​ពួក​គេ​កំពុង​ផ្ដល់​សេវា។

ថ្លែង​ក្នុង​សន្ទរ​កថា​បិទ​​អង្គ​​សិក្ខា​សាលា អ្នកស្រី ឌិត នីតា ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល នៃ​គ្រឹះស្ថាន ខេមា បាន​គូស​បញ្ជាក់​ថា៖ “នៅ ខេមា យើង​ជឿ​ជាក់​ថា ការ​កសាង​សុខុមាល​ភាព​ហិរញ្ញ​វត្ថុ​របស់​ភ្នាក់​ងារ​ឥណទាន​របស់​យើង គឺជា​គន្លឹះ​ក្នុង​ការ​ផ្តល់​សេវា​កម្ម​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។ វគ្គ​បណ្តុះ​បណ្តាល​នេះ​មិន​ត្រឹម​តែ​ជួយ​ក្រុម​ការងារ​របស់​យើង​ឱ្យ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន​បាន​ប្រសើរ​ឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​ទំនុក​ចិត្ត​ដល់​ភ្នាក់ងារ​ឥណទាន​ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ​ដល់​អតិថិ​ជន​របស់​យើង ជា​ពិសេស​នៅ​ក្នុង​សហគមន៍​ជន​បទ។ ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ​គឺ​ជា​បំណិន​ជីវិត​មួយ ដែល​អាច​ជួយ​បុគ្គល​ម្នាក់ៗ​ឱ្យ​បង្ការ​បំណុល​លើស​លប់ ជួយ​សម្រេច​បាន​នូវ​គោល​ដៅ​របស់​ខ្លួន និង​រួម​ចំណែក​ដល់​ស្ថិរ​ភាព​ហិរញ្ញ​វត្ថុ​គ្រួសារ។”

សិក្ខា​សាលា​នេះ​បាន​គ្រប​ដណ្តប់​លើ​ប្រធាន​បទ​ជា​ច្រើន រួម​មាន ការ​រៀបចំ​ថវិកា យុទ្ធ​សាស្រ្ត​សន្សំ ការ​គ្រប់​គ្រង​បំណុល និង​ការ​កសាង​ភាព​ធន់​ផ្នែក​ហិរញ្ញ​វត្ថុ។ គំនិត​ផ្តួច​ផ្តើម​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់ គ្រឹះស្ថាន ខេមា ក្នុង​កិច្ច​ការពារ​អតិថិ​ជន និង​ការ​ផ្តល់​សេវា​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ ដើម្បី​ធានា​ថា​ភ្នាក់​ងារ​ឥណទាន​មិន​ត្រឹម​តែ​ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល​កម្ចី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​អ្នក​ប្រឹក្សា​ហិរញ្ញ​វត្ថុ​ជាទី​ទុក​ចិត្ត​របស់​អតិថិ​ជន​ផង​ដែរ។

អង្គការ Water.org បន្ត​ជា​ដៃ​គូ​ដ៏​សំខាន់​របស់​គ្រឹះស្ថាន ខេមា ក្នុង​ការ​លើក​កម្ពស់​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ និង​បរិយា​ប័ន្ន​ហិរញ្ញ​វត្ថុ​ឥណទាន​ទឹក​ស្អាត​និង​អនាម័យ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ប្រជា​ជន​កម្ពុជា​មាន​បង្គន់​អនា​ម័យ និងទឹក​ស្អាត​ប្រើ​ប្រាស់។ គិត​ត្រឹម​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ​២០២៥ គ្រឹះ​ស្ថាន ខេមា បាន​ផ្តល់​ឥណ​ទាន​ទឹក​ស្អាត​និង​អនាម័យ​ដល់​អតិ​ថិ​ជន ១.៧៩៩នាក់ ក្នុងទំហំទឹកប្រាក់​សរុប​ប្រមាណ ១.២៦៣.៣៣២​ដុល្លារ​អាមេរិក ដែល​ឥណ​ទាន​ទាំង​នេះ បាន​ចូល​រួម​ចំណែក​ផ្តល់​ផល​ជះ​វិជ្ជ​មាន​និង​លើក​កម្ពស់​សុខុមាល​ភាព​ដល់​ប្រជាជន​ចំនួន​ប្រមាណ ៩.៥៨៥នាក់ ៕