ទំព័រដើម > គ្រឹះ​ស្ថាន ខេមា ដាំ​ដើម​កោង​កាង​ចំនួន ១.៣០០ដើម នៅ​ក្រុង​កែប ខេត្ត​កែប

គ្រឹះ​ស្ថាន ខេមា ដាំ​ដើម​កោង​កាង​ចំនួន ១.៣០០ដើម នៅ​ក្រុង​កែប ខេត្ត​កែប

៣០ កក្កដា ២០២២ – ក្នុង​នាម​ជា​គ្រឹះ​ស្ថាន​ដែល​មាន​ទស្សន​វិស័យ​គិត​គូរ​ពី​តម្លៃ​សង្គម គ្រឹះ​ស្ថាន ខេមា តែង​តែ​ធ្វើ​កិច្ច​ការ​ងារ​សង្គម​ជា​ច្រើន​ដូច​ជា ការ​បរិច្ចាគ​ឈាម ការ​ឧប​ត្ថម្ភ​គ្រឿង​ឧប​ភោគ​បរិ​ភោគ​ដល់​កុមារ​កំព្រា និង​កុមារ​ក្រីក្រ ការ​ផ្តល់​សម្ភារ​ការ​ពារ​ពី​ជំងឺ​កូវីដ-​១៩ និង​ការ​ចូល​រួម​គាំពារ​បរិ​ស្ថាន​​ជា​ដើម។ ជាក់​ស្ដែង​ក្នុង​ឆ្នាំ​២០២២​នេះ គ្រឹះ​ស្ថានក៏​បាន​រៀប​ចំ​កម្ម​វិធី​គាំ​ពារ​សហ​គមន៍​ព្រៃ​កោង​កាង​តាម​រយៈ​ការ​ដាំ​ដើម​កោង​កាង​ចំនួន ១.៣០០​ដើម នៅ​ខេត្ត​កែប។ កម្ម​វិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២២ ដោយ​មាន​ការ​ចូល​រួម​ពី ឯក​ឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​បរិ​ស្ថាន ឯក​ឧត្តម​អភិ​បាល​ខេត្ត​កែប និង​ថ្នាក់​ដឹក​នាំ គណៈ​គ្រប់​គ្រង ព្រម​ទាំង​បុគ្គ​លិក​ទាំង​អស់​នៃ​គ្រឹះ​ស្ថាន ខេមា សរុប​ជាង ២០០​នាក់។

សកម្ម​ភាព​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ជា​មួយ​នឹង​ការ​ប្រារព្ធ​ខួប​អនុ​ស្សាវ​រីយ៍​១២​ឆ្នាំ​នៃ​ការ​បង្កើត​គ្រឹះ​ស្ថាន​ផង​ដែរ ដើម្បី​បង្កើត​នូវ​អនុ​ស្សាវ​រីយ៍ និង​ចំណង​មិត្ត​ភាព​រវាង​បុគ្គ​លិក​និង​បុគ្គ​លិក ក៏​ដូច​ជា​បណ្តុះ​នូវ​ស្មារតី​ចូល​រួម​ថែ​រក្សា​បរិ​ស្ថាន ស្រឡាញ់ ការពារ និង​អភិ​រក្ស​ធន​ធាន​ធម្ម​ជាតិ ជា​ពិសេស ការ​ចូល​រួម​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។ ការ​ដាំ​ដើម​កោង​កាង មាន​អត្ថ​ប្រយោ​ជន៍ចំពោះ​ជីវៈ​ចម្រុះ ប្រព័ន្ធ​អេកូ​ឡូ​ស៊ី ហើយ​ក៏​អាច​កែ​ច្នៃ​ទៅ​ជា​តំបន់​អេកូ​ទេស​ចរណ៍​ធម្ម​ជាតិ ដែល​ផ្តល់​ឱកាស​ដល់​សហ​គមន៍ ក្នុង​ការស្វែង​រក​ប្រាក់​ចំណូល​ពី​ភ្ញៀវ​ទេស​ចរណ៍ ដែល​បាន​ទៅ​ទស្សនា​តំបន់​ទាំង​នោះ។ កិច្ច​ការ​នេះ ក៏​ជា​ផ្នែក​មួយ​ជួយ​គាំទ្រ​ឱ្យ​សហ​គមន៍​មាន​និរន្តរ​ភាព​ហិរញ្ញ​វត្ថុ និង​ជា​ឱ​កាស​ទទួល​បាន​មូល​និ​ធិ​ហិរញ្ញ​ប្ប​ទាន​បៃ​តង៕