ទំព័រដើម > គ្រឹះ​ស្ថាន ខេមា រៀប​ចំ​សិក្ខា​សាលា​ស្ដីពី​​ជំនាញ​លក់​ឥណ​ទាន​ទឹក​ស្អាត​និង​អនាម័យ ដល់​បុគ្គលិក​ឥណទាន

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​សិក្ខា​សាលា​ស្ដីពី​​ជំនាញ​លក់​ឥណ​ទាន​ទឹក​ស្អាត​និង​អនាម័យ ដល់​បុគ្គលិក​ឥណទាន

១៦ មីនា ២០២៤ – គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​​ធីត បាន​រៀប​ចំ​សិក្ខា​សាលា​ស្ដី​ពី “ជំនាញ​លក់​ឥណ​ទាន​ទឹក​ស្អាត​និង​អនា​ម័យ និង​ការ​ចរចា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព” ដែល​បណ្ដុះ​បណ្ដាល​ដោយ​អ្នក​ជំនាញ សម្រាប់​បុគ្គ​លិក​ឥណ​ទាន​មក​ពី​សាខា​ទាំង៧។

ថ្លែង​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​នេះ អ្នក​ស្រី ឌិត នីតា ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល នៃ​គ្រឹះ​ស្ថាន ខេមា បាន​គូស​បញ្ជាក់​ពី​គោល​បំណង នៃ​សិក្ខាសាលា​នេះ​ថា៖ “យើង​ចង់​ជំរុញ​បុគ្គ​លិក​លក់​របស់​គ្រឹះ​ស្ថាន ឱ្យកាន់​តែ​មាន​ជំនាញ​ក្នុង​ការ​ផ្ដល់​ឥណ​ទាន​ទឹក​ស្អាត​និង​អនា​ម័យ ដើម្បីចូល​រួម​ចំណែក​លើក​កម្ពស់​សុខុមាល​ភាព​សហ​គមន៍ ដែល​នេះ​ជា​​ឱកាស​មួយ​ដើម្បី​លើក​កម្ពស់​បរិយា​ប័ន្ន​ហិរញ្ញ​វត្ថុ​ក្នុង​ការ​ទទួល​បាន​ទឹក​ស្អាត​និង​បរិក្ខារ​អនា​ម័យ​ប្រើ​ប្រាស់​នៅ​តាម​សហ​គមន៍​ជន​បទ”។

សិក្ខា​សាលា​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ សណ្ឋា​គារ ភ្នំពេញ ក្រោម​ជំនួយ​គាំទ្រ​ពី​អង្គ​ការ Water.org និង​កិច្ច​សហ​ការ​ជា​មួយសមា​គម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា។ សិក្ខា​សាលា​នេះ​មាន​វត្ត​មាន​ចូល​រួម​របស់ អ្នក​ស្រី​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល លោក​អគ្គ​នាយក​ប្រតិ​បត្តិ​ស្ដី​ទី គណៈ​គ្រប់​គ្រង និង​បុគ្គ​លិក​ឥណ​ទាន នៃ​គ្រឹះ​ស្ថាន ខេមា សរុប​ចំនួន ១១៣​នាក់។

បញ្ហា​កង្វះ​ទឹក​ស្អាត និង​បរិក្ខារ​អនា​ម័យ បាន​បង្ក​ឱ្យ​មាន​ជំងឺ​ជា​ច្រើន​ប្រភេទ ពិសេស​ប៉ះ​ពាល់​ដល់​ការ​លូត​លាស់​របស់​កុមារ ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋ​កិច្ច​គ្រួសារ ការ​រំលោភ​បំពាន​ផ្សេងៗ​លើ​កុមារី និង​ស្រ្តី។ គ្រឹះ​ស្ថាន ខេមា បាន​រួម​ចំណែក​ដាក់​ចេញ​នូវ​ដំណោះ​ស្រាយ​ទឹក​ស្អាត និង​អនាម័យ ស្រប​នឹង​ចក្ខុ​វិស័យ​របស់​គ្រឹះ​ស្ថាន និង​គោល​ដៅនៃ​ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព តាម​រយៈ​ផលិត​ផល​ឥណ​ទាន​របស់​ខ្លួន ក្នុង​ការ​លើក​កម្ពស់​សុខុ​មាល​ភាព​សហគ​មន៍ និង​ដើម្បី​ផ្ដល់ស្ថិរ​ភាព​ហិរញ្ញ​វត្ថុ​ដល់​គ្រួសារ។

គួរ​ជម្រាប​ជូន​ថា គ្រឹះ​ស្ថាន ខេមា បាន​ចាប់​ដៃ​គូ​ជា​មួយ​អង្គ​ការ Water.org ដែល​ជា​អង្គ​ការ​អន្តរ​ជាតិ មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ទទួល​បាន​ជំនួយ​ផ្នែក​បច្ចេក​ទេស និង​ការ​គាំទ្រ​ផ្សេងៗ​ក្នុង​ការ​ជំរុញ​បរិយា​ប័ន្ន​ឥណ​ទាន​ទឹក​ស្អាត​និង​អនា​ម័យ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ប្រជា​ជន​កម្ពុជា​មាន​បង្គន់​អនា​ម័យ និងទឹក​ស្អាត​ប្រើ​ប្រាស់។ គិត​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ​២០២៤ គ្រឹះ​ស្ថាន ខេមា មាន​អតិ​ថិ​ជន ២២២នាក់ កំពុង​ប្រើ​ប្រាស់​ប្រាក់​កម្ចី​ទឹក​ស្អាត​និង​អនា​ម័យ និង​បាន​បញ្ចេញ​ឥណ​ទាន​សរុប​ប្រមាណ ១៥០.០០០ដុល្លារ​អាមេរិក៕