ឆ្នាំ២០១៤ គឺជាឆ្នាំដ៏ល្អរបស់ខេមា។ ប្រាក់ចំណេញក្រោយបង់ពន្ធមានកំណើនគួរឲ្យកត់សម្គាល់ក្នុងអត្រា ៤៦,៣៦% ធៀបនឹងឆ្នាំ២០១៣ ដែលស្មើនឹង ២៣២.០៤៦ ដុល្លាអាមេរិក។ នេះគឺជាលទ្ធផលដែលទទួលបានពីការ ខិតខំប្រឹងប្រែងរបស់បុគ្គលិកយើងទាំងអស់គ្នាក្នុងការគ្រប់គ្រងឥណទានប្រកបដោយគុណភាព និងបរិមាណព្រមទាំង គ្រប់គ្រងចំណាយប្រកបដោយប្រសិទ្ធភាព។ ជាការលើកទឹកចិត្ត ខេមា បានផ្តល់នូវប្រាក់បំណាច់លើកទឹកចិត្តចំនួន ០៣ខែជូនដល់បុគ្គលិករបស់ខេមាទាំងអស់ក្នុងបំណាច់ឆ្នាំ២០១៤នេះ។
លទ្ធផលនៃប្រាក់ចំណេញនេះក៏បានឆ្លុះបញ្ចាំងផងដែរអំពីទំហំនៃប្រតិបត្តិការឥណទានរបស់ខេមា។ សមតុល្យឥណ ទាន ក្នុងឆ្នាំ២០១៤ ធៀបនឹងឆ្នាំ២០១៣ កើនទ្បើង ២៤,៧៣% ស្មើនឹង ៤.៧៣៦.៤៦២ ដុល្លាអាមេរិក។ អនុបាតហានិភ័យឥណទានមានចំនួន ១,០៨%។ ទំហំអតិថិជនកើនទ្បើងប្រមាណ ១៤,៩%។ អតិថិជនភាគច្រើន របស់ខេមា ប្រើប្រាស់ឥណទានក្នុងគោលបំណងបំពេញតម្រូវការទូទៅក្នុងក្រុមគ្រួសារ និងសម្រាប់ធ្វើអាជីវកម្មខ្នាតតូច និងមធ្យមដែលគិតជាភាគរយមានចំនួន ៣៩% និង ៣២% នៃសមតុល្យឥណទានសរុប។ ចំពោះតំបន់ប្រតិបត្តិការ ខេមា បន្តពង្រីកខ្លួនកាន់តែធំទូលាយក្នុងរាជធានីភ្នំពេញ និងក្នុងខេត្តកណ្តាលដោយគ្របដណ្តប់រហូតដល់ ២១៣ភូមិ, ៨០ឃុំ និង២៣ខណ្ឌ/ស្រុក។
ទាំងនេះសរបញ្ជាក់ឲ្យឃើញពីភាពរឹងមាំរបស់ខេមាពីមួយឆ្នាំទៅមួយឆ្នាំ ដោយបោះជំហានទៅមុខធ្វើការប្រកួតប្រជែង ក្នុងទីផ្សារមីក្រូហិរញ្ញវត្ថុ ដែលមានគូរប្រកួតប្រជែងថ្មីៗកាន់តែច្រើនទ្បើង។ យុទ្ធសាស្ត្រក្នុងការប្រកួតប្រជែង របស់ខេមា គឺការផ្តល់នូវសេវាកម្មឆាប់រហ័ស និងល្អបំផុតជូនដល់អតិថិជនរបស់យើងតាមរយៈបុគ្គលិកដែលមាន ជំនាញ ច្បាស់លាស់ និងមានក្រមសីលធម៌ល្អ។ ដើម្បីរក្សានូវឧត្តមភាពនៃការប្រកួតប្រជែងនេះខេមាបន្តវិនិយោគទៅ លើការអភិវឌ្ឍចំណេះដឹង និងជំនាញរបស់បុគ្គលិកព្រមទាំងអភិវឌ្ឍគ្រឹះស្ថានឲ្យមានបរិយាកាសការងារល្អដែលជាទី ចំណាប់អារម្មណ៍របស់បុគ្គលិក និងអតិថិជន។
សម្រាប់ឆ្នាំ២០១៥ ខាងមុខនេះ ខេមានឹងរៀបចំនូវយុទ្ធសាស្រ្តរយៈពេល០៥ឆ្នាំរបស់ខ្លួន (២០១៥-២០២០) ឲ្យបានចប់ជាស្ថាពរ ហើយយើងមានទំនុកចិត្តដ៏មុតមាំថាយុទ្ធសាស្រ្តនេះនឹងធ្វើឲ្យខេមាឈានទៅទទួលបានជោគ ជ័យក្នុងការបំពេញបេសកម្ម និងទស្សនវិស័យរបស់ខ្លួន។ យុទ្ធសាស្ត្រចម្បងរបស់យើង គឺការពង្រីកតំបន់ប្រតិបត្តិការ ឲ្យទៅកាន់តែជិតអតិថិជនក្រីក្រដែលមានតម្រូវការឥណទានសម្រាប់កសាងជីវភាពរស់នៅ និងការគៀងគរនូវប្រភព ទុនដែលមានតម្លៃថោកសម្រាប់គាំទ្រនូវប្រតិបត្តិការរស់យើង។
ជាចុងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណជូនចំពោះអតិថិជនទាំង៩១០នាក់ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលបាន ប្រើប្រាស់នូវសេវាឥណទានរបស់ខេមា។ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរជូនចំពោះភាគទុនិក, ក្រុមប្រឹក្សា ភិបាល, ដៃគូរប្រតិបត្តិការ, ធនាគារជាតិនៃកម្ពុជា, សមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជា និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលមានជំនឿទុកចិត្តលើប្រតិបត្តិការរបស់ខេមា និងជានិច្ចជាកាលតែងតែ បន្តគាំទ្រសកម្មភាពរបស់យើង។ ទន្ទឹមនឹង នេះ ខ្ញុំក៏សូមអរគុណចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ខេមាក្នុងភាពស្មោះស្ម័គ្របម្រើអតិថិជនប្រកប ដោយឆន្ទៈ វិជ្ជាជីវៈ និងក្រមលីលធម៌។ ការរួមគ្នាជាថ្លុងមួយនៃបុគ្គលិករបស់យើងនឹងធ្វើឲ្យខេមាកាន់តែរីកចម្រើន ដូចការរំពឹងទុក។
ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមដាក់បង្ហាញជូននូវរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១៤ដែលបានធ្វើសវនកម្មរួច។ ខ្ញុំសង្ឃឹមថា របាយកាណ៍នេះ នឹងធ្វើឲ្យអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់អំពីប្រតិបត្តិការឥណទានរបស់ខេមា។